២០១៧៖ ឆ្នាំនៃការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៧ កាសែតឌឹខេមបូឌាដេលី បានប្រកាសបិទជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា។ ការប្រកាសឈប់ដំណើរការនេះ បានកើតឡើង បន្ទាប់ពីមានជំលោះរឿងវិក័យប័ត្របង់ពន្ធប្រមាណ៦,៣លានដុល្លារអាមេរិក ជាមួយភាគីរដ្ឋាភិបាល។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ឌឹខេមបូឌាដេលី បាននិយាយថា អំណាចដើម្បីបង់ពន្ធ គឺជាអំណាចដើម្បីកំទេច ហើយថា រដ្ឋាភិបាលកម្ពុជា បានបំផ្លាញផ្នែកមួយនៃសេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជា។
ក្នុងពេលកាសែតឌឹខេមបូឌាដេលីប្រកាសបិទ បញ្ហានៃរឿងអាជ្ញាប័ណ្ណលើការផ្សាយ ក៏ជាមូលហេតុនាំឱ្យមានការបិទស្ថានីយវិទ្យុជាច្រើននៅកម្ពុជាផងដែរ ហើយនេះជាអ្វី ដែលអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ បានរៀបរាប់ថា នេះជាការបង្ក្រាបយ៉ាងធំលើទៅប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មុនការបោះឆ្នោតឆ្នាំ២០១៨។
អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅក្នុងរបាយការណ៍សង្ខេប កាលពីចុងខែសីហាឆ្នាំ២០១៧ថា ប្រេកង់វិទ្យុអេហ្វអ៊ឹមចំនួន៣២ នៅទូទាំងខេត្តចំនួន២០ ត្រូវបានបញ្ជាឱ្យបិទដោយអាជ្ញាធរកម្ពុជា។ ប៉ុន្តែ យោងតាមឯកសាររបស់ក្រសួងព័ត៌មាន ចុះកាលបរិច្ឆេទថ្ងៃទី២៣ខែវិច្ឆិកា តួលេខនៃចំនួនវិទ្យុ គឺមានលក្ខណៈទាបជាងនេះ ដែលមានត្រឹម២១ស្ថានីយវិទ្យុប៉ុណ្ណោះ នៅទូទាំងប្រទេស ត្រូវបានរាយការណ៍ថា បានបិទដោយសារបញ្ហាអាជ្ញាប័ណ្ណ
ស្ថានីយវិទ្យុដែលត្រូវបញ្ជាឲ្យបិទនេះ គឺភាគច្រើនចាក់ផ្សាយបន្តកម្មវិធីរបស់គណបក្សប្រឆាំង ដែលគណបក្សនេះ ត្រូវបានរំលាយដោយអំណាចតុលាការកំពូលកម្ពុជាកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ ហើយក៏មានចាក់ផ្សាយកម្មវិធីព័ត៌មានជាភាសាខ្មែរ របស់វិទ្យុអាស៊ីសេរី វីអូអេ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី។
កម្មវិធីវិទ្យុទាំងនោះ ត្រូវបានផ្អាកការផ្សាយទាំងអស់ និងកម្មវិធីព័ត៌មានរបស់ពួកគេ ក៏មិនអាចរកបានតាមរលកអាកាសផងដែរ។ អង្គការលីកាដូ បាននិយាយថា ការបិទការផ្សាយរបស់ស្ថានីយវិទ្យុទាំងនោះ បានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសពលរដ្ឋរស់នៅតំបន់ជនបទ ដែលវិទ្យុ គឺជាប្រភពព័ត៌មានដ៏សំខាន់មួយ ខណៈការប្រើប្រាស់អ៊ីនធឺណិតនៅមានកម្រិតទាបនៅឡើយ។
នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ក៏បានប្រកាសបិទការិយាល័យក្រុងភ្នំពេញរបស់ខ្លួន ហើយបានបញ្ឈប់សកម្មភាពនានានៅក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍ វិទ្យុអាស៊ីសេរី បាននិយាយថា ការបង្ក្រាបថ្មីៗ ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានធ្វើឱ្យពួកគេ មិនអាចបន្តការងារបាននៅក្នុងប្រទេស។ នៅថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៧ អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់ ក៏ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដោយសាលាដំបូងរាជធានីភ្នំពេញ ពីបទ«ចារកម្ម»។ ការចោទការប្រកាន់និងឃុំខ្លួន អ្នកកាសែតទាំងពីររូប គឺកើតឡើងតិចជាងពីរខែ បន្ទាប់ពីវិទ្យុអាស៊ីសេរី បានប្រកាសឈប់ប្រតិបត្តិការ។ យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ពួកគេ នឹងត្រូវប្រឈមជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ ក្នុងករណី ពួកគេទាំងពីរនាក់ត្រូវបានផ្តន្ទាទោស។
នៅក្នុងឯកសារឆ្លើយតបទៅនឹងអង្គការសហប្រជាជាតិ ក្រសួងព័ត៌មានកម្ពុជា បានការពារចំណាត់ការរបស់ខ្លួនលើការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយថា រដ្ឋាភិបាល មិនបានប្រើច្បាប់ ដើម្បីរារាំងឬបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនោះឡើយ។ យោងតាមឯកសារដដែលនេះ រដ្ឋាភិបាលក៏បានបដិសេធផងដែរថា ស្ថានីយវិទ្យុត្រូវបានបិទដោយគ្មានការព្រមាន។
ក្នុងពេលមានការបង្ក្រាបលើប្រពន្ធផ្សព្វផ្សាយឯករាជ្យ ក្រុមអ្នកវិភាគ ត្រូវបានដកស្រង់ដោយកាសែតភ្នំពេញប៉ុស្តិ៍ថា សារព័ត៌មាន Fresh News ជាកម្លាំងដែលមានឥទ្ធិពលបំផុត ក្នុងការផ្សាយព័ត៌មានគាំទ្ររដ្ឋាភិបាល ប៉ុន្តែ អ្នកគ្រប់គ្រងសារព័ត៌មាននេះ បានបដិសេធ នូវការភ្ជាប់ទំនាក់ទំនងជាផ្លូវការណាមួយ ជាមួយគណបក្សកាន់អំណាច៕
ប្រភព៖
-
The Cambodia Daily. The Cambodia Daily closes after 24 years.
-
The Phnom Penh Post (13.October.2017). Tax chief backs Daily shuttering.
-
The Phnom Penh Post (25.August.2017). Government closes 15 radio stations.
-
The Phnom Penh Post (11. Sep. 2017). Daily founder claims liability.
-
The Phnom Penh Post (12. Sep. 2017). RFA shuts down Cambodia operations amid media crackdown.
-
The Phnom Penh Post (18. Sep. 2017). Official warns ex-RFA staffers about continuing to work in Cambodia.
-
The Phnom Penh Post (18. Nov. 2017). Breaking: Ex-RFA reporters provisionally charged with ‘espionage’, facing up to 15 years.