លោក សេង ប៊ុនវ៉េង ហៅ "អាចារ្យ អេ"
លោក សេង ប៊ុនវ៉េង ធ្លាប់ជាម្ចាស់សាលាបង្រៀនបើកបរ២៣តុលា មុននឹងក្លាយជាម្ចាស់ស្ថានីយវិទ្យុ ABC នៅឆ្នាំ២០០៨។ ខណៈដែលវិទ្យុនេះធ្វើការផ្សាយចម្បងទៅលើព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ និងចម្រៀង សំឡេងវិទ្យុនេះចាប់ផ្តើមប្រែប្រួល នៅពេលការបោះឆ្នោតជាតិជិតមកដល់។ ក្នុងវិទ្យុ លោក សេង ប៊ុនវ៉េង ត្រូវបានគេស្គាល់ថាជា “អាចារ្យ អេ” ។ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣បន្តិច លោក សេង ប៊ុនវ៉េង ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាល ថាបានរំលោភទៅលើច្បាប់ការបោះឆ្នោត ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងកម្មវិធីផ្សាយពេលព្រឹករបស់ខ្លួន ដោយគាត់បានគំរាមអ្នកស្តាប់ថា នឹងមានរដ្ឋប្រហារកើតឡើង ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោត។ ក្នុងខែកញ្ញា ឆ្នាំដដែលនេះ គាត់បានប្រកាសឱ្យមានការប្រមូលផ្តុំដ៏ធំមួយ ដើម្បីជំរុញគណបក្សប្រឆាំង ឱ្យចូលរួមក្នុងពិធីបើកនីតិកាលរដ្ឋសភា។ គណបក្សប្រឆាំងបានប្រកាសថា ពួកគេនឹងធ្វើពហិការមិនចូលរួមនោះទេ។