លោកស្រី វង្ស មយូរ៉ា
លោកស្រី វង្ស មយូរ៉ា គឺជាម្ចាស់គេហទំព័រព័ត៌មាន Cambodia Express News (CEN) និងគេហទំព័រ The Cambodia Herald ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប៉ែនមីឌៀគ្រុប (PEN Media Group)។ លោកស្រីត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃសក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅក្នុងខែមេសា ឆ្នាំ២០១៥ និងចាត់ចែងក្រុមហ៊ុនប៉ែនមីឌៀគ្រុប បន្ទាប់ពីសហស្ថាបនិកដែលជាស្វាមីរបស់លោកស្រី គឺលោក ប៉ែន សមិទ្ធិ បានទទួលមរណភាពក្នុងខែមីនា ឆ្នាំ២០១៥។
លោក ប៉ែន សមិទ្ធិ កើតនៅក្នុងឆ្នាំ១៩៦០ គឺជាស្ថាបនិក និងធ្លាប់ជានិពន្ធនាយកកាសែតរស្មីកម្ពុជា ចាប់ឆ្នាំ១៩៩៣ រហូតដល់លោកទទួលមរណភាព។ លោកក៏ជាស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា ក្នុងឆ្នាំ២០០០ផងដែរ។ លោក ប៉ែន សមិទ្ធិ ដំបូងឡើយធ្វើការនៅក្រសួងព័ត៌មាន និងឃោសនាការ នៅក្រុងភ្នំពេញ នាឆ្នាំ១៩៧៩។ បន្ទាប់មក លោកបានចាប់ផ្ដើមអាជីពជាអ្នកកាសែត នៅក្នុងឆ្នាំ១៩៨១ ដោយធ្វើជាអ្នកយកព័ត៌មានឲ្យកាសែតភ្នំពេញ និងក្រោយមកក្លាយជាបណ្ណាធិការព័ត៌មាន និងជានិពន្ធនាយក ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៣។
នៅឆ្នាំ២០០៨ លោក ប៉ែន សមិទ្ធិ បានបង្កើតក្រុមហ៊ុនប៉ែនមីឌៀគ្រុប ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដោយដំណើរការគេហទំព័រព័ត៌មាន Cambodia Express News និងគេហទំព័រ The Cambodia Herald។ មកទល់នឹងឆ្នាំ២០១៥ លោកក៏ជាសាស្ត្រាចារ្យបង្រៀនផ្នែកសារព័ត៌មាន នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ។
លោក ប៉ែន សមិទ្ធិ ជាប្អូនប្រុសរបស់លោក ប៉ែន បញ្ញា ដែលបច្ចុប្បន្នជាប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា។
លោក ប៉ែន សមិទ្ធិ ទទួលបានបរិញ្ញាបត្រផ្នែកសារព័ត៌មានពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ១៩៨៧។