នរណាជាអ្នកទទួលខុសត្រូវធ្វើបញ្ញត្តិតកម្មលើប្រព័ន្ធផ្សព្វផ្សាយ
សព្វថ្ងៃនេះ មានក្រសួងរដ្ឋាភិបាលចំនួនពីរ ដែលកំពុងតែមានភារកិច្ចធ្វើបញ្ញត្តិកម្មលើប្រព័ន្ធផ្សព្វផ្សាយ រួមមាន ក្រសួងព័ត៌មាន គ្រប់គ្រងទៅលើផ្នែកព័ត៌មាន និងខ្លឹមសារ រីឯក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (តាមបទបញ្ជារបស់រដ្ឋាភិបាល) គ្រប់គ្រងទៅលើផ្នែកទម្រង់បច្ចេកទេស។
Ministry of Information
ក្រសួងព័ត៌មានត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ក៏ប៉ុន្តែមកទល់នឹងឆ្នាំ១៩៩៩ ទៅហើយ ទើបមុខងារ និងតួនាទីរបស់ក្រសួងនេះ ត្រូវបានតាក់តែងឡើង (តំណភ្ជាប់ទៅកាន់ការវាយតម្លៃផ្នែកគតិយុត្តិ, ២០១៥)។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានចូលកាន់ដំណែងនេះតាំងតែពីឆ្នាំ២០០៤។ មុខងារចម្បងៗរបស់ក្រសួងព័ត៌មានមានដូចជា ការផ្ដល់ និងបន្តអាជ្ញាប័ណ្ណគ្រឹះស្ថានផ្សព្វផ្សាយ (ទាំងគ្រឹះស្ថានបោះពុម្ភផ្សាយ និងផ្សាយតាមរលកធាតុអាកាស) និងគ្រប់គ្រងទៅលើក្រុមហ៊ុនផ្សព្វផ្សាយទាំងអស់ ក៏ដូចជាពិនិត្យវិនិច្ឆ័យលើព័ត៌មានដែលផ្សាយនៅលើទំព័រកាសែត ទស្សនាវដ្ដី និងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិចនានា។
ក្រសួងព័ត៌មាន ត្រូវចែកចេញជាពីរផ្នែកដើម្បីគ្រប់គ្រង រួមមាន ផ្នែកកណ្ដាល និងផ្នែកមូលដ្ឋាន។ ផ្នែកកណ្ដាល មាននាយកដ្ឋានចំណុះចំនួន ៧។ ប្រព័ន្ធឃោសនាសំឡេងនានារបស់រដ្ឋ ក៏ត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីសំណាក់ក្រសួងព័ត៌មានដែរ៖
- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ ជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រដ្ឋ ដែលទទួលកិច្ចការ ប្រមូល ចែកចាយ និងឃោសនាព័ត៌មានទាំងក្នុង ទាំងក្រៅប្រទេស តាមរយៈទំព័រទស្សនាវដ្ដី, កាសែត, ព្រឹត្តិប័ត្រព័ត៌មាន, សៀវភៅ, ឯកសារនានា ទាំងតាមរយៈការបោះពុម្ភផ្សាយ ទាំងផ្សព្វផ្សាយតាមបែបអេឡិចត្រូនិច។ល។
- វិទ្យុជាតិកម្ពុជា (RNK)៖ ជាវិទ្យុផ្សាយសំឡេងផ្លូវការរបស់រដ្ឋ ដែលទទួលកិច្ចការផ្សព្វផ្សាយសំឡេងតាមរលកធាតុអាកាស ទាំងជាភាសាជាតិ ទាំងជាភាសាអន្តរជាតិ នូវដំណឹង ព័ត៌មាន ក៏ដូចជាកម្មវិធីកម្សាន្តជាច្រើនទៀត តាមរយៈហ្វ្រេកង់ AM, FM និង SW។ [វាមានស្ថានីយផ្សាយបន្តចំនួន ១២ ក្នុងផ្ទៃប្រទេស និងមាននៅទីក្រុងភ្នំពេញចំនួន ២] ប៉ុន្តែភាពពេញនិយមរបស់វាមានកម្រិតទាប (CMRD, ២០១៥)។
- ទូរទស្សន៍ជាតិកម្ពុជា (TVK)៖ ជាទូរទស្សន៍ផ្លូវការរបស់រដ្ឋ ដែលទទួលកិច្ចការផ្សព្វផ្សាយព័ត៌មានគ្របដណ្ដប់ទាំងក្នុងស្រុក ទាំងក្រៅស្រុក។ TVK មិនត្រូវបានរាប់បញ្ចូលក្នុងចំណោមបណ្ដាទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលត្រូវបានសិក្សាក្នុងរបាយការណ៍នេះឡើយ។
ក្រសួងព័ត៌មានឆ្លងកាត់បីជំហានមុននឹងឈានទៅដកហូតអាជ្ញាប័ណ្ណ៖
១. ព្រមានម្ចាស់ស្ថាប័នដែលផ្សព្វផ្សាយខ្លឹមសារមានលក្ខណៈល្មើស និងស្នើសុំឱ្យដកចេញ។
២. ផ្ញើលិខិតផ្លូវការជូនម្ចាស់ស្ថាប័ន បើសិនជាការស្នើព្រមានឱ្យដកចេញមិនមានប្រសិទ្ធភាព។
៣. ធ្វើការដកហូតអាជ្ញាប័ណ្ណ ប្រសិនបើចំណាត់ការទាំងពីរខាងលើមិនត្រូវបានគោរព។
(ប្រភព៖ ក្រសួងព័ត៌មាន)
Ministry of Posts and Telecommunications
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ហើយមុខងារ ទម្រង់ស្ថាប័ន និងទំនួលខុសត្រូវរបស់ក្រសួងនេះ បានផ្លាស់ប្ដូរ និងវិវត្តជាបន្តបន្ទាប់ ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំមកនេះ ជាពិសេសការងារដែលទាក់ទងនឹងការធ្វើបញ្ញត្តិកម្មទៅលើផ្នែកទូរគមនាគមន៍។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលកាន់ដំណែងនេះក្នុងឆ្នាំ២០១៣។ ក្រសួងទទួលបន្ទុកក្នុងការគ្រប់គ្រង មានវិសាលភាពទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន (ICT) ដែលមានបេសកកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយ ដែលប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបាន។
Telecommunication Regulator
ដោយមានការលេចឡើងនូវបណ្តាញសារព័ត៌មាន នៅក្នុងវិស័យទូរគមនាគមន៍ រដ្ឋាភិបាលកម្ពុជាបានបង្កើតបញ្ញត្តិករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១២។ ក្នុងនាមជាអាជ្ញាធរឯករាជ្យមួយ បេសកកម្មរបស់បញ្ញត្តិករនេះគឺ៖
• ដើម្បីបានដឹងអំពីតម្រូវការរបស់អតិថិជន ប្រតិបត្តិករ អ្នកផ្តល់សេវា និងអ្នកផ្គត់ផ្គង់។
• ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យមានការរីកលូតលាស់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (ICT) សង្គម និងផលប្រយោជន៍សេដ្ឋកិច្ច។
• ដើម្បីលើកកម្ពស់ចំណាត់ថ្នាក់របស់កម្ពុជា នៅក្នុងទីផ្សារបច្ចេកវិទ្យាព័ត៌មានពិភពលោក។
• ដើម្បីជំរុញបរិស្ថានគោលនយោបាយមួយ ជាមួយនឹងភាពស្មោះត្រង់ និងតម្លាភាព ដើម្បីពង្រឹងវិស័យនេះ និងលើកទឹកចិត្តដល់ការប្រកួតប្រជែងស្មោះត្រង់។
ក៏ប៉ុន្តែនៅមានកង្វះខាតអាជ្ញាធរ ដើម្បីធ្វើការត្រួតពិនិត្យមាតិកា និងដាក់ពិន័យ។
ច្បាប់ស្តីពីបញ្ញត្តិករទូរគមនាគមន៍ថ្មីឆ្នាំ២០១៥
នៅខែតុលា ឆ្នាំ២០១៥ រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងបញ្ញត្តិករទូរគមនាគមន៍។ ខណៈដែលរចនាសម្ព័ន្ធទូទៅ គឺនៅរក្សាដដែល១ តួនាទី និងអំណាចរបស់ស្ថាប័ននេះ នឹងត្រូវបានឱ្យនិយមន័យដូចខាងក្រោម៖
• ស្ថាប័ននេះនឹងក្លាយទៅជាស្ថាប័នលក្ខន្តិកៈមួយ (បង្កើតឡើងដោយច្បាប់លក្ខន្តិកៈ) ជាមួយនឹងអំណាចខ្លាំងជាងមុន ដើម្បីធ្វើការអន្តរាគមន៍ក្នុងករណីល្មើសច្បាប់ ដោយប្រតិបត្តិករទូរគមនាគមន៍។ សមត្ថភាពរបស់ស្ថាប័ននេះ គឺនៅមានដែនកំណត់ចំពោះសារព័ត៌មានអេឡិចត្រូនិច និងមិនរាប់បញ្ចូលវិស័យវិទ្យុ និងទូរទស្សន៍នោះទេ ដែលវិធានច្បាប់ស្ថិតនៅក្រោមក្រសួងព័ត៌មាន។
• ខណៈមកទល់នឹងពេលឥឡូវ បញ្ញត្តិករនេះអនុវត្តគោលនយោបាយទូរគមនាគមន៍ ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ញត្តិករនេះនឹងទទួលបាននូវសមត្ថភាព ដើម្បីដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រង និងលើកកម្ពស់វិស័យគមនាគមន៍ដោយឯករាជ្យ។
• ស្ថាប័ននេះនឹងមានសមត្ថភាពអាចចេញអាជ្ញាប័ណ្ណបាន។ ក្នុងករណីនេះ ការផ្ទេរសិទ្ធិលើអាជ្ញាប័ណ្ណទូរគមនាគមន៍ ការធ្វើសន្តតិកម្ម ការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនទូរគមនាគមន៍ នឹងត្រូវទាមទារឱ្យធ្វើការដាក់ពាក្យស្នើសុំ ទៅបញ្ញត្តិករទូរគមនាគមន៍ឡើងវិញ សម្រាប់ការអនុញ្ញាត។
• ស្ថាប័ននេះនឹងមានអំណាច ដើម្បីធ្វើការស៊ើបអង្កេតអាជីវកម្មខុសច្បាប់ ដែលផ្ទុយពីក្រមសីលធម៌ ការប្រើប្រាស់បច្ចេកវិទ្យាបោកបន្លំ គុណភាពនៃការផ្តល់សេវា និងការប្រើប្រាស់សម្ភារៈទូរគមនាគមន៍នាំចូលខុសច្បាប់ ដែលផ្ទុយពីច្បាប់ស្តីពីបញ្ញត្តិករទូរគមនាគមន៍ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត។ យោងតាមសេចក្តីព្រាងច្បាប់នេះ មានបទល្មើសចំនួន ៣១ (ពីមាត្រា៧៧ ដល់មាត្រា១០៨)។ ការដាក់ទោសអាចជាទោសពិន័យរដ្ឋបាល/ទណ្ឌកម្ម ជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។
• ស្ថាប័ននេះនឹងមានសមត្ថកិច្ចជ្រៀតជ្រែក និងដោះស្រាយជម្លោះ រវាងប្រតិបត្តិករទូរគមនាគមន៍។
សម្គាល់: ១ក្នុងភាសាអង់គ្លេស ទោះបីជាឈ្មោះមិនមានការផ្លាស់ប្តូរក្តី នៅក្នុងភាសាខ្មែរឈ្មោះត្រូវបានប្តូរ ប៉ុន្តែនៅរក្សាអត្ថន័យដដែល (បញ្ញត្តិករទូរគមនាគមន៍ នឹងដូរទៅជានិយ័តករទូរគមនាគមន៍វិញ)។