លោក ម៉េងលី ជេ. គួច
កើតក្នុងឆ្នាំ១៩៦៩ នៅខេត្តបាត់ដំបង លោក ម៉េងលី ជេ. គួច គឺជាស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Mengly J. Quach Education ដែលជាក្រុមហ៊ុនមេ នៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង (AII), សាលារៀនអន្តរទ្វីបអាមេរិកកាំង (AIS) និង សាកលវិទ្យាល័យ ម៉េងលី ជេ. គួច ដែលគាត់បានបង្កើតនៅឆ្នាំ២០០៥។ សារព័ត៌មានថ្មីថ្មី គឺជាគេហទំព័រមួយ ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន MJQ Education។ ប៉ុន្តែ ក្នុងខែឧសភា ឆ្នាំ២០១៧ លោកបានលក់ក្រុមហ៊ុនសារព័ត៌មានមួយនេះ និងបានប្រកាសផ្តាច់ទំនាក់ទំនងនានា។ លោក ម៉េងលី បានចាកចេញពីកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហម ហើយទទួលបានការអប់រំនៅអាមេរិក។ នៅទីនោះ គាត់បានទទួលសញ្ញាប័ត្រវេជ្ជសាស្ត្រ (សាកលវិទ្យាល័យនៅ St. Lucia / Santa Teresa, New Mexico) និងអនុបណ្ឌិតសុខភាពសាធារណៈ (សាកលវិទ្យាល័យ Massachusetts នៅ Amherst) ។ គាត់បានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្តជាមុន នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅ Berkeley ហើយត្រឡប់មកប្រទេសកម្ពុជាវិញ ដែលគាត់បានក្លាយ ជាព្រឹទ្ធបុរស និងជាសាស្ត្រាចារ្យរង នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសកលវិទ្យាល័យកម្ពុជា។ លោក ម៉េងលី បម្រើការជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ទីប្រឹក្សាប្រធានកាយរឹទ្ធិកម្ពុជា សមាជិកក្រុមប្រឹក្សាយោបល់ នៃសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាភិបាលរបស់អង្គការយុវតារាកម្ពុជា និងសមាជិកគណៈកម្មាធិការដឹកនាំរបស់ CamTESOL។ លោក ក៏ត្រូវបានបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា។ ក្នុងឆ្នាំ២០០៩ ព្រះមហាក្សត្រ បានបានប្រទានងារលោក ជាឧកញ៉ា ចំពោះការងារសប្បុរសធម៌ និងការងារជួយសង្គម។ ក្នុងឆ្នាំ២០១២ លោក ម៉េងលី បានទទួលពានរង្វាន់ SME One Asia Awards 2012 ផ្នែកសហគ្រាសខ្នាតតូចនិងមធ្យម នៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ន លោក រស់នៅទីក្រុងភ្នំពេញ ជាមួយប្រពន្ធ និងកូនស្រីពីរនាក់។.