លោក សាយ ឈុំ
លោក សាយ ឈុំ កើតនៅឆ្នាំ១៩៤៥ និងជាម្ចាស់ និងជានាយក នៃកាសែតរស្មីកម្ពុជា ដែលជាកាសែតមួយក្នុងចំណោមកាសែត ដែលមានប្រជាប្រិយបំផុតនៅកម្ពុជា។ យោងតាមក្រសួងព័ត៌មាន លោក សាយ ឈុំ ក៏ជាម្ចាស់អាជ្ញាប័ណ្ណទូរទស្សន៍អប្សរា ស្ថានីយ៍វិទ្យុអប្សរា និងស្ថានីយ៍វិទ្យុសីលាអង្គរ។ លោកត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជានៅខែមិថុនា ឆ្នាំ២០១៥ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងខែដដែលនោះ ព្រះមហាក្សត្រ បានប្រទានបុរមងារលោកជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ បើតាមជីវប្រវត្តិ មុនពេលទទួលបានការតែងតាំងទាំងនេះ លោកធ្លាប់ធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភាចាប់តាំងពីឆ្នាំ២០១២ និងជាអនុប្រធានទី២ នៃរដ្ឋសភាចាប់តាំងពីឆ្នាំ២០០៨មក។ លោកក៏ធ្លាប់ធ្វើជាតំណាងរាស្ត្រខាងកូតាគណបក្សប្រជាជននៅក្នុងខេត្តកំពង់ស្ពឺ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២។ ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៣ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ លោក សាយ ឈុំ ធ្លាប់ធ្វើជាគ្រូបង្រៀននៅខេត្តភាគឥសាន្ត នៃប្រទេសកម្ពុជា នៅឆ្នាំ១៩៦០ ហើយបានចាប់ផ្តើមបំពេញមុខងារជាច្រើន នៅក្នុងគណបក្សប្រជាជន បន្ទាប់ពីរបបខ្មែរក្រហម។