This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/19 at 04:16
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ការជាប់ពាក់ព័ន្ធនឹងនយោបាយ

ម្ចាស់​ប្រព័ន្ធផ្សព្វផ្សាយ​យ៉ាង​តិច​ ១១នាក់​ នៅ​ក្នុង​ចំណោម​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាជនជាតិខ្មែរ​ទាំង ​២៧​នាក់ មានឈ្មោះ​ក្នុង​​បញ្ជី​បើក​ប្រាក់​ខែ​ពីរដ្ឋាភិបាល ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​របស់​គណបក្ស​កាន់អំណាច ឬបាន​​បង្ហាញយ៉ាង​ច្បាស់​ពី​ការ​ជាប់ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​៖

  • លោក គិត ម៉េង (ទីប្រឹក្សា​នាយករដ្ឋមន្ត្រី)
  • លោកស្រី ហ៊ុន ម៉ាណា (ជា​កូន​ស្រី​របស់​នាយករដ្ឋមន្ត្រី និង​ត្រូវ​បាន​តែងតាំង​ជា​ជំនួយ​ការ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី)
  • លោក ថុង អ៊ុយប៉ាង ជាសមាជិក​នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (SFDCM)
  • លោក សាយ ឈុំ (ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធានគណបក្សប្រជាជនកម្ពុជា​)
  • លោក ម៉ម សូណង់ដូ (ស្ថាបនិកគណបក្ស​សម្បុកឃ្មុំ​សង្គមប្រជាធិបតេយ្យ​)
  • លោក ដាំ សិដ្ឋ (តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ​មណ្ឌល​ភ្នំពេញ)
  • លោក សយ សុភាព (បុគ្គលិក​នៅ​ក្រសួង​ព័ត៌មាន)
  • លោក កៅ គឹមហួន (រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី)
  • លោក លី យ៉ុងផាត់ (សមាជិកព្រឹទ្ធសភា​ និង​ជា​ទីប្រឹក្សា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)
  • លោក នាង ផាត (ឧត្ដមសេនីយ៍ផ្កាយ​៤ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ)
  • លោកស្រី វង្ស មយូរ៉ា (អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា និង​អធិការកិច្ច​)

 

មនុស្ស ៥នាក់​​ នៅក្នុង​ចំណោម​អ្នក​ខាង​លើ ជា​ម្ចាស់​​ទូរទស្សន៍​យ៉ាង​តិច​ ៨ ស្ថានីយ (៦៣% ​នៃ​អ្នកទស្សនាសរុប) ៥​នាក់​ ជា​ម្ចាស់​កាសែត​៥ (៤១%​ នៃ​ចំនួន​អ្នក​អាន) និង​ ៧​នាក់ ​មាន​ស្ថានីយវិទ្យុ​ម្នាក់​មួយ (យ៉ាង​ហោចណាស់ ៨%​ នៃ​ចំនួន​អ្នកស្ដាប់វិទ្យុ ​ដែល​ពេញ​និយម​ជាង​គេ) ដែល​មាន​ន័យ​ថា អាច​មាន​សក្កានុពល និងមាន​ឥទ្ធិពល​​ទៅ​លើ​មតិសាធារណៈ​។

លោកស្រី ហ៊ុន ម៉ាណា កូនស្រី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​មនុស្ស​តែ​ពីរនាក់​គត់​ ដែល​មាន​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​គ្រប់​វិស័យ​។

ការ​ជាប់​ពាក់ព័ន្ធនយោបាយ​របស់​អ្នក​ទាំង​ ១៧​នាក់​ទៀត គឺ​អាចថា​មិនច្បាស់​ ឬក៏​ពុំ​មាន​ជាប់ពាក់ព័ន្ធ​។ សម្រាប់​ករណី​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយជា​ជនបរទេស (៤នាក់) ក្រុមសិក្សាស្រាវជ្រាវ​ MOM ចាត់​ទុក​ការពាក់ព័ន្ធ​នយោបាយ​របស់​ពួកគេ​ ថា​ពុំ​សូវ​ចាំបាច់ ដោយ​សារ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ពួកគេ ទទួល​បាន​ការចាប់អារម្មណ៍​តិច ហើយ​ឥទ្ធិពល​ក្នុង​ការ​បង្កើត​ជា​គំនិតសាធារណៈ​ គឺ​នៅមានកម្រិត​។

ប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋនៅ​ក្នុង​វិស័យ​នីមួយ​ៗ

ទីភ្នាក់ងារ​សារព័ត៌មាន​តែមួយគត់ គឺជា​កម្ម​សិទ្ធិ​របស់​រដ្ឋ ដែល​នាំឲ្យ​មាន​ការតែងតាំង​បុគ្គលិក​ពី​រដ្ឋាភិបាល​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ មាន​ចំនួន​បី គឺ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) វិទ្យុជាតិ​កម្ពុជា (RNK) និងទូរទស្សន៍​ជាតិ​កម្ពុជា (TVK) ​ទទួលបាន​ការតែងតាំង​បុគ្គលិក​ផ្ទាល់​ពី​រដ្ឋាភិបាល​។ យ៉ាងណាក៏ដោយ ឥទ្ធិពល​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ​មកលើ​មតិសាធារណៈ ហាក់​នៅ​មាន​កម្រិត​នៅឡើយ ដោយ​ស្ថាប័ន​ទាំង​នេះ​ មិន​ស្ថិតក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈានមុខ​គេ​នោះទេ​។​