This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/12/11 at 01:07
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

សារព័ត៌មានអនឡាញ

ប្រព័ន្ធផ្សព្វផ្សាយអនឡាញ ទទួលបានអ្នកចូលទស្សនា ៣៩% នៃប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រព័ន្ធអុីនធឺណិត ក្លាយជាវិស័យដែលមានប្រជាប្រិយភាពបំផុត លំដាប់ទី២ នៅក្នុងប្រទេស។

អុីនធឺណិតមានន័យស្មើ​នឹងហ្វេសប៊ុក

វាហាក់បីដូចជាការពិត សម្រាប់ប្រជាជនកម្ពុជាមួយចំនួនធំ ដោយសារក្នុងចំណោម គេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេចំនួន១០ ហ្វេសប៊ុកបានជាប់ចំណាត់ថ្នាក់លេខ១។ អ្នកប្រើប្រាស់អុីនធឺណិតស្ទើរតែទាំងអស់​ បាន​ចូលទៅប្រើប្រាស់ហ្វេសប៊ុក។​ គេហទំព័រផ្សេង​ទៀត​ ដែលត្រូវចូលទស្សនាច្រើនបំផុត រួមមាន google, youtube, yahoo និង គេហទំព័រជាច្រើនទៀត​ដែល​ផ្តោតលើការកម្សាន្ត។

ព័ត៌មានអនឡាញ មិនមានប្រជាប្រិយភាពទេ តែអ្នកអានប្រើប្រាស់អុីនធឺណិតដើម្បីទទួលបានព័ត៌មាន

គេហទំព័រព័ត៌មាន (សំដៅ​លើគេហទំព័រ​ដែល​ផ្ដោត​ជា​ចម្បង​លើ​ព័ត៌មានសង្គម និងនយោបាយ ជាជាងការកម្សាន្ត) មិនមានប្រជាប្រិយភាពនោះទេ។ ក្នុងចំណោមគេហទំព័រ ១២០ ​ដែលមាន​អ្នក​ចូលទស្សនាច្រើនជាងគេ គឺមានតែគេហទំព័រ ១០ ប៉ុណ្ណោះ​ ដែលជា​គេហទំព័រព័ត៌មាន។ គេហទំព័រ​ទាំង ១០ នេះ គឺជា​គេហទំព័រ​​​ដែលគម្រោង​ MOM ផ្តោតលើ។ ម្យ៉ាងវិញទៀត មនុស្សកាន់តែច្រើនឡើងៗ​ ចូលទៅ​ប្រើ​អុីនធឺណិត​​ នៅពេល​​ពួកគេ​ចង់​បាន​ព័ត៌មានអំពីប្រធានបទណាមួយជាក់លាក់។

មុខជំនួញអនឡាញ

មានគេហទំព័រព័ត៌មានចំនួន ៧ គឺជាកន្លែងផ្សាយព័ត៌មានពីកាសែត និងវិទ្យុ ដែលមានស្រាប់ ហើយនេះ​បង្ហាញ​ថា ​គំរូមុខជំនួញព័ត៌មានអនឡាញ មិនទាន់បានទាក់ទាញវិនិយោគិន​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​ឡើយទេ ទោះបី​ជាអត្រាប្រើប្រាស់ទូរស័ព្ទ និងអុីនធឺណិត មានការកើនឡើងនៅក្នុងប្រទេសក៏ដោយ។ គេហទំព័រ ​៣​ ទៀត ​ផលិតព័ត៌មានដោយខ្លួនឯង។ គេហទំព័រចំនួន ៤ ក្នុងចំណោមនេះ មានម្ចាស់កម្មសិទ្ធិ​ដែល​បានទទួលបៀវត្សពីរដ្ឋាភិបាល ឬជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាច ហើយ ៣ ទៀត មានម្ចាស់​កម្មសិទ្ធិ​ជាជនបរទេស (postkhmer, RFI និង RFA)។

ក្រុមហ៊ុនផ្តល់សេវាកម្មអុីនធឺណិត

ខណៈពេលដែលធ្វើការវាស់ស្ទង់ការប្រមូលផ្តុំកម្មសិទ្ធិនៅក្នុងវិស័យអនឡាញ វាមិនមានសារៈសំខាន់នោះទេក្នុងការរក ថាតើអ្នកណាជាអ្នកគ្រប់គ្រងគេហទំព័រព័ត៌មានធំជាងគេ។ គេហទំព័រ និង domains គឺមានអាយុកាលខ្លី ហើយនិងឡើងចុះជានិច្ច។ អ្វីដែលកាន់តែមានសារៈសំខាន់នោះគឺ តើនរណាជា​អ្នកគ្រប់គ្រង "ប្រព័ន្ធអុីនធឺណិត" ដែលអាចមានសក្តានុពលលើការបិទ និងបើក ​ការ​ចូលទៅ​កាន់​​គេហទំព័រ​ណាមួយ។

យោង​តាម​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា ប្រទេសកម្ពុជា​មាន​ប្រតិបត្តិករ​ផ្ដល់សេវា​អុីនធឺណិត​ចំនួន​ ៣១​ ក្រុមហ៊ុន ដែល​ ២​ ក្នុង​ចំណោម​នោះ ​ជា​របស់​រដ្ឋ និង ​៧​ ក៏​ជា​ក្រុមហ៊ុន​សេវាទូរស័ព្ទ​ផងដែរ​។ គ្រាន់​តែ​ក្រុមហ៊ុន Metfone មួយ​ មាន​ចំណែក​ទីផ្សារ​ដល់​ទៅ​ ៤៦% ដែល​នេះ​បាន​បង្ហាញ​ពីការ​ប្រមូល​ផ្ដុំ​ទីផ្សារ​កម្រិត​មធ្យម​រួច​បាត់​ទៅ​ហើយ​ បើ​យោង​តាម​សូចនាកររបស់​ MOM។

ការ​វិវត្តន៍​នាពេល​ថ្មី​ៗនេះ

រហូត​មក​ទល់​ពេល​នេះ​ បើធៀបនឹងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ប្រព័ន្ធអុីនធឺណិតមានវិធានច្បាប់​គ្រប់គ្រង​តិចជាង​គេ​។ ក៏ប៉ុន្តែ មានការកើនឡើងនូវក្តីបារម្ភ​ថា រដ្ឋាភិបាលនឹងរឹតត្បិត​ការប្រើប្រាស់​អុីនធឺណិត តែ​ការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាលធ្វើការបដិសេធ។ នៅឆ្នាំ២០១៣ ក្រុម​សង្គមស៊ីវិល​​បានបង្ហាញក្តីបារម្ភ អំពីសេចក្តីព្រាងច្បាប់ប្រឆាំងនឹងបទល្មើសអនឡាញ (ច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត) ដែលអាចបំបិទការសម្តែងមតិដោយសេរីតាមអនឡាញ និងអនុញ្ញាត​ឱ្យ​មានការបំពាក់នូវឧបករណ៍តាមដាន នៅលើបណ្តាញទូរស័ព្ទ និងតាមក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត (ISPs) នៅក្នុងប្រទេស។

ទោះជាយ៉ាងណា ម្ចាស់ក្រុមហ៊ុនទាំងនេះ គឺជាអ្នកទទួលខុសត្រូវលើបច្ចេកទេសគោល​តាមប្រព័ន្ធអុីនធឺណិត។ ក្រុមហ៊ុនទូរស័ព្ទ គឺ​សំខាន់​ជាង​គេ ដោយសារតែប្រជាជនកម្ពុជាភាគច្រើន ប្រើប្រាស់អុីនធឺណិតនៅលើ​ទូរស័ព្ទដៃរបស់ពួកគេ។ នៅកម្ពុជា ក្រុមហ៊ុន Royal Group (គ្រប់គ្រងក្រុមហ៊ុន ​CBS) គ្រប់គ្រងទៅលើក្រុមហ៊ុន Ezecom និង Cellcard ដែលត្រូវបានស្គាល់ថាជាអ្នកផ្តល់សេវាអុីនធឺណិត និងទូរស័ព្ទដ៏មានប្រជាប្រិយ​នៅ​ក្នុងប្រទេស។