(១) ប្រជាជនកម្ពុជាមានសិទ្ធិគ្រប់គ្រងកាសែត ច្រើនបំផុតពីរ រីឯជនបរទេស មិនអនុញ្ញាតឲ្យមានលើស ២០% ក្នុងទីផ្សារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេអនុញ្ញាតឲ្យប្រកបជំនួញលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទាំងទស្សនាវដ្តីជាភាសាខ្មែរ ទាំងភាសាបរទេស ការសែត និងព្រឹត្តប័ត្របទេស ព្រមទាំងវិទ្យុ និងទូរទស្សន៍។
បញ្ញត្តិកម្មប្រព័ន្ធផ្សព្វផ្សាយ
ការធ្វើបញ្ញត្តិកម្មទៅលើប្រព័ន្ធផ្សព្វផ្សាយកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ៖
• ពុំទាន់មានយន្តការប្រកបដោយតម្លាភាព និងលក្ខណៈប្រជាធិបតេយ្យឡើយ ក្នុងការផ្ដល់ បន្ត ឬដកហូតអាជ្ញាប័ណ្ណរបស់គ្រឹះស្ថានឃោសនា និងបោះពុម្ពផ្សាយនោះទេ៖ ជំនួសនូវការបង្កើត និងចាត់តាំងអាជ្ញាធរផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ផ្ទុយទៅវិញ ក្រសួងព័ត៌មានជាស្ថាប័នតែមួយគត់ ដែលមានភារកិច្ចក្នុងការផ្ដល់ និងដកហូតអាជ្ញាប័ណ្ណដែលខ្វះនូវតម្លាភាព។ ការខ្វះនូវតម្លាភាព ក៏ដោយសារតែ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមនុស្សតែម្នាក់គត់ដែលត្រូវសម្រេចថា ប្រព័ន្ធផ្សព្វផ្សាយមួយណាគួរតែបន្តការផ្សាយ និងមួយណាត្រូវបញ្ឈប់ ដោយមិនចាំបាច់ថ្លឹងថ្លែងពីហេតុផលនៃការសម្រេចចិត្តរបស់គាត់ ក៏ដូចជាលក្ខណៈ វិនិច្ឆ័យប្រកបដោយភាពសត្យានុម័តនោះឡើយ។
• អវត្តមានការយកចិត្តទុកដាក់ទៅលើការការពារបទប្បញ្ញត្តិ៖ កម្ពុជាពុំទាន់មានយន្តការផ្នែកច្បាប់ណាមួយ ដែលចែងពីការកម្រិត ឬកំណត់លើការបង្ហាញអត្តសញ្ញាណកម្មសិទ្ធិ និង/ឬការគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយនោះទេ។ ពោលគឺ មិនមានទាំងនៅក្នុងច្បាប់ទាក់ទងនឹងវិស័យនេះ ទាំងច្បាប់ស្ដីពីការប្រកួតប្រជែង។ យន្តការការពារបទប្បញ្ញត្តិ ដើម្បីទប់ស្កាត់ការគ្រប់គ្រងកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយច្រើនក្នុងពេលតែមួយ (ទាំងក្នុងគ្រឹះស្ថានបោះផ្សាយ គ្រឹះស្ថានផ្សព្វផ្សាយសំឡេង ក៏ដូចជាសារព័ត៌មានតាមប្រព័ន្ធអុីនធឺណិត) ក៏មិនទាន់ឃើញមានផងដែរ។ ទោះបីបញ្ញត្តិបែបនេះ មានចែងក្នុងជំពូកនៃច្បាប់ស្ដីពីការប្រកួតប្រជែង (មាត្រា១៧ ច្បាប់ស្ដីពីរបបសារព័ត៌មាន) ក៏ដោយ ក៏ប៉ុន្តែវាមានសុពលភាពតែនៅលើគ្រឹះស្ថានបោះពុម្ពផ្សាយ ដូចជាកាសែត និងទស្សនាវដ្ដីតែប៉ុណ្ណោះ (១) ខណៈពេលដែលស្ថាប័នវិទ្យុ និងទូរទស្សន៍ មិនទាន់មានបទប្បញ្ញត្តិណាជាក់លាក់គ្របដណ្ដប់ឡើយ ក្រៅតែពីច្បាប់ស្ដីពីការប្រកួតប្រជែង។
• កង្វះបញ្ញត្តិកម្មទៅលើច្បាប់គ្រប់គ្រងក្រុមហ៊ុនឯកជន (ជាគ្រឹះស្ថានផ្សព្វផ្សាយ)៖ ក្រុមហ៊ុននានា អាចលក់ ឬផ្ទេរភាគហ៊ុនរបស់ពួកគេ ឬក៏ច្របាច់បញ្ចូលគ្នាបាន ដោយប្រើតែច្បាប់ទម្លាប់របស់ពួកគេរៀងៗខ្លួនតែប៉ុណ្ណោះ។ ក្រសួងព័ត៌មានទំនងជាមានសិទ្ធិអំណាចជំទាស់នឹងការលក់ ឬផ្ទេរក្រុមហ៊ុន ប៉ុន្តែពុំទាន់មានករណីណាមួយដែលក្រសួងធ្វើការជំទាស់នោះទេ។ តាមជាក់ស្ដែង ករណីការច្របាច់បញ្ចូលគ្នា ជាករណីកម្របំផុត តែផ្ទុយទៅវិញ ក្រុមហ៊ុនផ្សព្វផ្សាយមួយចំនួន ច្រើនតែនិយមក្នុងការពង្រីកខ្លួនបន្ថែម ជាមួយនឹងការទទួលបានហ្វ្រេកង់ផ្សាយកាន់តែច្រើន ដូចជា ទូរទស្សន៍បាយ័នបានពង្រីកបន្ថែមជាទូរទស្សន៍បាយ័នព័ត៌មាន, ទូរទស្សន៍ស៊ីធីអិន បានពង្រីកបន្ថែមជាទូរទស្សន៍ស៊ីអិនស៊ី និងទូរទស្សន៍ហង្សមាស បានពង្រីកបន្ថែមជាទូរទស្សន៍រស្មីហង្សមាស ជាដើម។ រាល់ការពង្រីក ស្ថានីយនានាមិនបានឆ្លងការវាយតម្លៃជារួមណាមួយឡើយ។
• មិនមានអាជ្ញាធរឯករាជ្យ ដែលធ្វើការទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ ការប្រកួតប្រជែង និងផ្នែកទូរគមនាគមន៍ ក្នុងការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ អំពីភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលដែលធ្វើការអនុវត្តបទប្បញ្ញត្តិនានា ទៅលើវិស័យប្រព័ន្ធផ្សព្វផ្សាយនោះទេ។ ហេតុដូច្នេះហើយ ទាំងការផ្ដោតទៅលើពហុភាពនៃប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការទិញ ឬច្របាច់បញ្ចូលនៃក្រុមហ៊ុនបរទេស មិនត្រូវបានគេធ្វើការវាយតម្លៃទុកជាមុនឡើយ។
• មិនមានគម្រោងបង្កើតប្រព័ន្ធផ្សព្វផ្សាយសាធារណៈនោះទេ៖ បើទោះជាវាមានតួនាទីក្នុងការធានាបង្កើតនូវភាពសម្បូរបែប ផ្នែកខ្លឹមសារផ្សាយ និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទាំងមូលក៏ដោយ។ ពាក្យថា ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ សំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សម្បូរបែប និងមានលក្ខណៈដឹកនាំជាទម្រង់បែបស្ថាប័ន (ទៅតាមច្បាប់ដែលចែង ឬអនុវត្តដោយស្ម័គ្រចិត្តតាមវិន័យ) ដើម្បីធានានូវភាពចម្រុះនៃមតិ ទស្សនៈ ក៏ដូចជាគុណភាពនៃកម្មវិធី នៅក្នុងទីផ្សារនៃប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ក៏ជានិយមន័យមួយនៃមុខងាររបស់សារព័ត៌មានផងដែរ៖ ព័ត៌មាន កម្សាន្ត អប់រំ។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដំណើរការទៅបានអាស្រ័យការផ្ដល់ជាវិភាគទាន ពីសំណាក់សាធារណជន ហើយប្រព័ន្ធផ្សព្វផ្សាយបែបនេះ មានលក្ខណៈឯករាជ្យ និងមិនចំណុះឱ្យរដ្ឋាភិបាលឡើយ។
ដើម្បីទទួលបានអាជ្ញាប័ណ្ណដំណើរការប្រព័ន្ធផ្សព្វផ្សាយ គេត្រូវឆ្លងកាត់ ៥ ដំណាក់កាល៖
១. ដាក់សំណើដាច់ដោយឡែកមួយ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
២. បញ្ជាក់ និងបង្ហាញប្រវត្តិរូបរបស់និយោជក ឬនិពន្ធនាយក រួចដាក់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យ បទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន។
៣. មានបង្កាន់ដៃចេញដោយអាជ្ញាធរមូលដ្ឋាន។
៤. ដាក់ភ្ជាប់ជាមួយនឹងលិខិតថ្កោលទោស។
៥. ចុះហត្ថលេខាលើកិច្ចសន្យា ដែលតម្រូវដោយក្រសួងព័ត៌មាន ដែលមានចែងជាអាទិ៍ថា៖ “គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ដែលជាឧទាហរណ៍ ហាមឃាត់ការគូសរូបត្លុកចំអកឱ្យថ្នាក់ដឹកនាំប្រទេស និងព្រះមហាក្សត្រ ជាដើម។ ទាំងនេះមានចែងនៅក្នុង “ក្រមសីលធម៌” ដែលប្រព័ន្ធផ្សព្វផ្សាយត្រូវគោរពតាមការកំណត់របស់ក្រសួង។
ប្រភព: ក្រសួងព័ត៌មាន (ឆ្នាំ២០១៥)